កុំ​ធានា​សង​បំណុល​ជំនួស​គេ
១ កូន​អើយ​ប្រសិន​បើ​កូន​ធានា​បង​ប្អូន​ណា​ម្នាក់​ដែល​ជំពាក់​បំណុល​គេ ២ ប្រសិន​បើ​កូន​បាន​សន្យា​ផ្ទាល់​មាត់ និង​ជាប់​សំដី​ក្នុង​រឿង​នេះ ៣ បាន​សេចក្ដី​ថា​កូន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បង​ប្អូន​នោះ​ហើយ។ ដូច្នេះ កូន​ត្រូវ​តែ​ទៅ​ជួប​អ្នក​នោះ ហើយ​អង្វរ​ករ និង​រំអុក​សុំ​រំដោះ​ខ្លួន​អោយ​រួច ៤ កុំ​ដេក​កុំ​សំរាក​ឡើយ ៥ គឺ​ខំ​ប្រឹង​រើបំរះ​អោយ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួន អោយ​រួច​ពី​អន្ទាក់​របស់​ព្រាន។
មនុស្ស​កំជិល
៦ កូន​កំជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​មេរៀន​ពី​វា​ទៅ។ ៧ វា​គ្មាន​អ្នក​ត្រួតត្រា គ្មាន​មេ​កើយ គ្មាន​ថៅកែ​ទេ ៨ តែ​នៅ​រដូវ​ក្ដៅ​វា​ប្រមូល​ចំណី នៅ​រដូវ​ចំរូត វា​សន្សំ​ស្បៀង​ទុក។ ៩ ជន​កំជិល​អើយ តើ​អ្នក​នៅ​តែ​ដេក​ដល់​ណា​ទៀត? តើ​ដល់​អង្កាល់​ទើប​ភ្ញាក់​ឡើង? ១០ អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច ដេក​ឱប​ដៃ​បន្តិច។ ១១ ធ្វើ​ដូច្នេះ​អ្នក​នឹង​ខ្វះ​ខាត ហើយ​ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។
មនុស្ស​ពាល
១២ អ្នក​ណា​ដើរ​សាប​ព្រោះ​ពាក្យ​មិន​ពិត អ្នក​នោះ​ជា​មនុស្ស​ចោលម្សៀត និង​ទុច្ចរិត ១៣ គេ​មិច​ភ្នែក លើក​ដៃ​លើក​ជើង​ជា​សញ្ញា ១៤ មាន​ចិត្ត​ពាល​ហើយ​រិះគិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា និង​បង្ក​ជំលោះ។ ១៥ ហេតុ​នេះ គេ​មុខ​ជា​វិនាស​យ៉ាង​ទាន់ហន់ ព្រម​ទាំង​ត្រូវ​អន្តរាយ​មួយ​រំពេច​រក​អ្វី​មក​កែកុន​ពុំ​បាន។
អំពើ​ដែល​ពុំ​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់
១៦ មាន​អំពើ​ប្រាំ​មួយ ឬ​ប្រាំពីរ​យ៉ាង ដែល​ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ ហើយ​មិន​អាច​ទ្រាំទ្រ​បាន​គឺ: ១៧ ការ​វាយឫក​ខ្ពស់ ការ​ពោល​ពាក្យ​កុហក ការ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ ១៨ ការ​រិះគិត​ធ្វើ​អំពើ​ទុច្ចរិត ការ​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ១៩ ធ្វើ​ជា​សាក្សី​ក្លែងក្លាយ ដែល​ពោល​ពាក្យ​មិន​ពិត និង​ការ​បង្ក​ជំលោះ​បំបាក់​បំបែក​បង​ប្អូន។
កុំ​ផិត​ក្បត់​ស្វាមី​ភរិយា
២០ កូន​អើយ​ចូរ​ស្ដាប់​ឱវាទ​របស់​ឪពុក កុំ​ចោល​ដំបូន្មាន​របស់​ម្ដាយ។ ២១ ចូរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត​ចូរ​រក្សា​ជាប់​នឹង​ខ្លួន​ដូច​គ្រឿង​អលង្ការ។ ២២ ពេល​កូន​ទៅ​ណា​មក​ណា​ដំបូន្មាន​នេះ​នាំ​ផ្លូវ​កូន​ការពារ​កូន​ក្នុង​ពេល​ដេក ហើយ​សារ​ស័ព្ទ​ជា​មួយ​កូន​នៅ​ពេល​កូន​ភ្ញាក់ ២៣ ដ្បិត​ឱវាទ​ប្រៀប​បាន​នឹង​ចង្កៀង ដំបូន្មាន​ជា​ពន្លឺ ហើយ​ការ​ប្រៀនប្រដៅ​ជា​ផ្លូវ​នាំ​ទៅ​កាន់​ជីវិត។ ២៤ ពាក្យ​ដាស់​តឿន​ទាំង​នេះ ការពារ​កូន​កុំ​អោយ​ចាញ់​បោក​ស្រី​ទុច្ចរិត​កុំ​អោយ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែមល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។ ២៥ កុំ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​នឹង​សម្ផស្ស​របស់​ស្រី​របៀប​នេះ​ឡើយ ហើយ​ក៏​កុំ​បណ្ដោយ​អោយ​ចិត្ត​អ្នក​ឈ្លក់​វង្វេង​ទៅ​តាម​កែវ​ភ្នែក​របស់​គេ​ដែរ។ ២៦ ស្រី​ពេស្យា​ចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ រីឯ​ស្ត្រី​ក្បត់​ប្ដី​វិញ គេ​ទាមទារ​យក​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ។
២៧ តើ​មាន​នរណា​យក​ភ្លើង​មក​ឱប ហើយ​ភ្លើង​មិន​ឆេះ​អាវ​ទាំង​មូល? ២៨ តើ​មាន​នរណា​ដើរ​លើ​រងើក​ភ្លើង ហើយ​មិន​រលាក​ជើង? ២៩ រីឯ​អ្នក​ដែល​ប៉ះពាល់​ប្រពន្ធ​គេ​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវ​តែ​ទទួល​ផល​វិបាក​ជានិច្ច។ ៣០ ចោរ​លួច​គេ​ដើម្បី​គ្រាន់​តែ​ចំអែត​ក្រពះ​ដែល​ឃ្លាន​នោះ គ្មាន​នរណា​មើលងាយ​ទេ ៣១ តែ​បើ​គេ​ចាប់​បាន ចោរ​នោះ​ត្រូវ​តែ​សង​មួយ​ជា​ប្រាំពីរ ហើយ​ខាត​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ផង។ ៣២ អ្នក​ណា​លួច​ប្រពន្ធ​គេ​អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា ដ្បិត​ប្រព្រឹត្ត​យ៉ាង​នេះ នាំ​តែ​វិនាស​ខ្លួន​ឯង។ ៣៣ អ្នក​នោះ​នឹង​ទទួល​ទោស​បាត់បង់​កិត្តិយស ហើយ​ត្រូវ​ខ្មាស​គេ​រហូត ៣៤ ដ្បិត​ប្ដី​គេ​នឹង​ប្រច័ណ្ឌ ហើយ​ថ្ងៃ​មួយ​គេ​នឹង​សងសឹក​ឥត​ត្រា​ប្រណី​ឡើយ។ ៣៥ គេ​មិន​ព្រម​ទទួល​សំណង គេ​មិន​អត់ទោស​អោយ​ទោះ​បី​យក​ជំងឺ​ចិត្ត​ទៅ​សង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។