១៩
ក្អម​បែក និង​មហន្តរាយ​របស់​ក្រុង​យេរូសាឡឹម
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ថា៖ «ចូរ​ទៅ​ទិញ​ក្អម​មួយ​ពី​ជាង​ស្មូន រួច​បបួល​ព្រឹទ្ធាចារ្យ*​ខ្លះ​ក្នុង​ចំណោម​ប្រជាជន និង​ក្នុង​ចំណោម​បូជាចារ្យ*​ទៅ​ជា​មួយ​អ្នក ២ ឆ្ពោះ​ទៅ​ជ្រោះ​ហ៊ីនណូម​ដែល​នៅ​ច្រក​ចូល​ទ្វារ​ជាង​ស្មូន។ នៅ​ទី​នោះ​អ្នក​នឹង​ស្រែក​ប្រកាស​នូវ​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក។ ៣ អ្នក​ត្រូវ​ប្រកាស​ដូច​ត​ទៅ: “ព្រះមហាក្សត្រ​ស្រុក​យូដា និង​ប្រជាជន​ក្រុង​យេរូសាឡឹម​អើយ សូម​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់!។
ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា: យើង​នឹង​ធ្វើ​អោយ​មហន្តរាយ​កើត​មាន​នៅ​ទី​នេះ។ អស់​អ្នក​ដែល​ឮ​ដំណឹង​នេះ​នឹង​ក្ដុកក្ដួល​ចិត្ត​យ៉ាង​ខ្លាំង។ ៤ ប្រជាជន​យូដា​បោះ​បង់​ចោល​យើង ពួក​គេ​ធ្វើ​អោយ​កន្លែង​នេះ​ក្លាយ​ទៅ​ជា​សៅហ្មង គឺ​ពួក​គេ​ថ្វាយ​សក្ការបូជា​គោរព​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​ពុំ​បាន​ជួយ​ថែរក្សា​ពួក​គេ​ផ្ទាល់ ឬ​ដូនតា​របស់​ពួក​គេ ឬ​ស្ដេច​របស់​ជន​ជាតិ​យូដា​ទាល់​តែ​សោះ។ ពួក​គេ​ធ្វើ​អោយ​កន្លែង​នេះ​ប្រឡាក់​ពេញ​ដោយ​ឈាម​របស់​ជន​ស្លូត​ត្រង់។ ៥ ពួក​គេ​សង់​ទីសក្ការៈ ដើម្បី​យក​កូន​ប្រុស​របស់​ខ្លួន​ទៅ​បូជា​សែន​ព្រះ​បាល ជា​អំពើ​មួយ​ដែល​យើង​ពុំ​បាន​បង្គាប់​សោះ ហើយ​យើង​ក៏​មិន​ដែល​នឹក​ឃើញ​បែប​នេះ​ដែរ។ ៦ ហេតុ​នេះ​នៅ​ពេល​ខាង​មុខ គេ​លែង​ហៅ​កន្លែង​នោះ​ថា “តូផេត”ឬ“ជ្រលង​ភ្នំ​ហ៊ីនណូម” ទៀត​ហើយ តែ​គេ​នឹង​ហៅ​ថា “ជ្រលង​ភ្នំ​ពិឃាត”វិញ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ៧ នៅ​ទី​នោះ​យើង​នឹង​រំលាយ​នយោបាយ​របស់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម។ យើង​នឹង​ធ្វើ​អោយ​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង​សត្រូវ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ យើង​នឹង​ប្រគល់​សាកសព​របស់​ពួក​គេ​ទៅ​អោយ​ត្មាត និង​ចចក​ធ្វើ​ជា​ចំណី។ ៨ យើង​នឹង​ធ្វើ​អោយ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ធ្វើ​អោយ​មនុស្ស​ដែល​ឃើញ ស្រឡាំងកាំង។ អស់​អ្នក​ដើរ​កាត់​តាម​នោះ​នាំ​គ្នា​ព្រឺសម្បុរ ស្រឡាំងកាំង ព្រោះ​តែ​ឃើញ​គ្រោះ​កាច ដែល​កើត​មាន​ដល់​ទីក្រុង។ ៩ ខ្មាំង​សត្រូវ និង​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ​មុខ​ជា​ឡោមព័ទ្ធ​ទីក្រុង បណ្ដាល​អោយ​ពួក​គេ​រង​ទុក្ខ​វេទនា និង​តប់ប្រមល់​យ៉ាង​ខ្លាំង។ ពេល​នោះ យើង​នឹង​ធ្វើ​អោយ​ពួក​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​ម្នាក់ៗ​ស៊ី​សាច់​គ្នា​ឯង”។
១០ បន្ទាប់​មក ត្រូវ​បំបែក​ក្អម​នោះ នៅ​មុខ​អស់​អ្នក​ដែល​ចេញ​ទៅ​ជា​មួយ ហើយ​ពោល​ថា: ១១ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា យើង​នឹង​បំបែក​ប្រជាជន និង​ក្រុង​នេះ​ដូច​គេ​បំបែក​ក្អម​របស់​ជាង​ស្មូន ដែល​គ្មាន​នរណា​អាច​ជួសជុល​ឡើង​វិញ​បាន​ទេ។ គេ​នឹង​កប់​ខ្មោច​របស់​អ្នក​ទាំង​នោះ​នៅ​តូផេត ព្រោះ​គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ឡើយ។ ១២ យើង​នឹង​ធ្វើ​អោយ​ក្រុង​នេះ ព្រម​ទាំង​ប្រជាជន​បាន​ដូច​តូផេត​ដែរ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ១៣ ផ្ទះ​នានា​នៅ​ក្រុង​យេរូសាឡឹម ព្រម​ទាំង​វាំង​របស់​ស្ដេច​ស្រុក​យូដា ដែល​សៅហ្មង​ក៏​នឹង​បាន​ដូច​កន្លែង​តូផេត​ដែរ គឺ​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​មាន​កន្លែង​ថ្វាយ​គ្រឿង​សក្ការបូជា​នៅ​រាន​ហាល សំរាប់​បួងសួង​ផ្កាយ​ទាំងឡាយ ព្រម​ទាំង​ច្រួចស្រា​ថ្វាយ​ព្រះ​ដទៃ”»។
១៤ លោក​យេរេមា​វិល​ត្រឡប់​មក​ពី​តូផេត ជា​កន្លែង​ដែល​ព្រះអម្ចាស់​ចាត់​លោក​អោយ​ទៅ​ថ្លែង​ព្រះបន្ទូល។ បន្ទាប់​មក លោក​ទៅ​ឈរ​នៅ​ក្នុង​ទីធ្លា​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ហើយ​ពោល​ទៅ​កាន់​ប្រជាជន​ទាំង​អស់​ដូច​ត​ទៅ៖ ១៥ «ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា: “យើង​នឹង​ធ្វើ​អោយ​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រកាស​ទុក កើត​មាន​ដល់​ក្រុង​នេះ និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ ព្រោះ​ប្រជាជន​បាន​តាំង​ចិត្ត​រឹងរូស ពុំ​ព្រម​ស្ដាប់​ពាក្យ​របស់​យើង​ទេ”»។