និមិត្តហេតុ​អស្ចារ្យ​អំពី​កំប្រោង​ផ្លែ​ឈើ
១ ព្រះអម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​អោយ​ខ្ញុំ​ឃើញ​និមិត្តហេតុ​អស្ចារ្យ​មួយ​ដូច​ត​ទៅ:
ខ្ញុំ​ឃើញ​កំប្រោង​មួយ
មាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ។
២ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖
«អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?»
ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​ឃើញ​កំប្រោង
មួយ មាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ»
ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖
«ចុង​បញ្ចប់​របស់​អ៊ីស្រាអែល
ជា​ប្រជារាស្ត្រ​របស់​យើង ជិត​មក​ដល់​ហើយ
យើង​នឹង​មិន​អធ្យាស្រ័យ​អោយ​គេ​ទៀត​ទេ។
៣ នៅ​ថ្ងៃ​នោះ​សំរែក​ថ្ងូរ​នឹង​មក​ជំនួស
ចំរៀង​សប្បាយ​នៅ​ក្នុង​វិហារ​ហ្លួង។
មាន​សាកសព​ពាសពេញ
ហើយ​មាន​ភាព​ស្ងាត់​ជ្រងំ​នៅ​គ្រប់​ទី​កន្លែង»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
៤ អស់​អ្នក​ដែល​ចេះ​តែ​ជិះជាន់​អ្នក​ក្រីក្រ
ហើយ​ធ្វើ​អោយ​ជន​ទុគ៌ត​ត្រូវ​វិនាស
ចូរ​ស្ដាប់​ពាក្យ​ខ្ញុំ!
៥ អ្នក​រាល់​គ្នា​តែងតែ​បន់​អោយ​បុណ្យ​ចូល​ខែ​ថ្មី
និង​ថ្ងៃ​សប្ប័ទ*​ឆាប់​ចប់
ដើម្បី​បើក​ជង្រុក​លក់​ស្រូវ
ដោយ​យក​តៅ​តូច​ជាង​ធម្មតា​មក​វាល់
ហើយ​ដំឡើង​ថ្លៃ ព្រម​ទាំង​កេងប្រវ័ញ្ច​គេ
ដោយ​បំបាត់​ភ្នែក​ជញ្ជីង​ទៀត​ផង។
៦ អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ​ជន​ទុគ៌ត
យក​ស្បែក​ជើង​មួយ​គូ​ទៅ​ដូរ​យក​ជន​ក្រីក្រ។
សូម្បី​តែ​អង្កាម​ក៏​អ្នក​រាល់​គ្នា​លក់​ដែរ។
៧ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់
ដោយ​យក​ទឹក​ដី ដែល​ជា​មោទនភាព
របស់​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ជា​សាក្សី​ថា:
យើង​នឹង​មិន​ភ្លេច​អំពើ​អាក្រក់​ណា​មួយ
ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។
៨ ហេតុ​នេះ​ហើយ​បាន​ជា​មាន​រញ្ជួយ​ផែនដី
អ្នក​ស្រុក​ទាំង​អស់​នឹង​នាំ​គ្នា​កាន់​ទុក្ខ។
ផែនដី​ទាំង​មូល​នឹង​កក្រើក​ឡើង រួច​ស្ងប់​វិញ
ដូច​ទឹក​ទន្លេ​នៅ​ស្រុក​អេស៊ីប​ជន់​ឡើង
រួច​ស្រក​ទៅ​វិញ​ដែរ។
៩ នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​អោយ​ព្រះអាទិត្យ​លិច
នៅ​ពេល​ថ្ងៃ​ត្រង់
ហើយ​អោយ​ផែនដី​ងងឹត​សូន្យ​នៅ​ពេល​ថ្ងៃ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
១០ យើង​នឹង​ធ្វើ​អោយ​ពិធី​បុណ្យ​ដ៏​សប្បាយ
របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​ពិធី​កាន់​ទុក្ខ
ហើយ​អោយ​បទ​ចំរៀង​របស់​អ្នក​រាល់​គ្នា
ក្លាយ​ទៅ​ជា​បទ​ទំនួញ។
យើង​នឹង​អោយ​អ្នក​រាល់​គ្នា​ស្លៀក​ពាក់​កាន់​ទុក្ខ
ព្រម​ទាំង​កោរ​សក់​ផង។
យើង​នឹង​អោយ​អ្នក​ស្រុក​ទាំង​អស់​កាន់​ទុក្ខ
ដូច​គេ​កាន់​ទុក្ខ​កូន​តែ​មួយ
ទៅ​អនាគត អ្នក​រាល់​គ្នា​ស្គាល់​តែ​ភាព​ជូរ​ចត់។
១១ ព្រះអម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ មាន​ព្រះបន្ទូល​ថា៖
«នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​អោយ
ការ​អត់​ឃ្លាន​កើត​នៅ​ក្នុង​ស្រុក
តែ​មិន​មែន​ការ​អត់​ឃ្លាន​ខាង​អាហារ
ឬ​ការ​ស្រេក​ទឹក​នោះ​ទេ
ផ្ទុយ​ទៅ​វិញ គឺ​ការ​ស្រេក​ឃ្លាន​ចង់​ស្ដាប់
ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១២ ពួក​គេ​នឹង​ដើរ​ចុះ​ឡើង ពី​សមុទ្រ​មួយ
ទៅ​សមុទ្រ​មួយ
ត្រាច់ចរ​ពី​ទិស​ខាង​ជើង ទៅ​ទិស​ខាង​កើត
ដើម្បី​ស្វែង​រក​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
តែ​រក​មិន​ឃើញ​ឡើយ។
១៣ នៅ​ថ្ងៃ​នោះ​ស្រី​ក្រមុំ​ដ៏​ស្អាតៗ និង​កំលោះៗ
នឹង​អស់​កម្លាំង​ដួល​ដោយ​ស្រេក​ទឹក។
១៤ អ្នក​ណា​ស្បថ​ក្នុង​នាម​ព្រះ​ក្លែងក្លាយ
នៅ​ក្រុង​សាម៉ារី​ថា:
“ខ្ញុំ​សូម​ស្បថ ដោយ​យក​ព្រះជន្ម
របស់​ព្រះ​នៅ​ក្រុង​ដាន់​ជា​សាក្សី”
“ខ្ញុំ​សូម​ស្បថ ដោយ​យក
ព្រះ​នៅ​បៀរសេបា​ជា​សាក្សី”
អ្នក​នោះ​មុខ​ជា​ដួល​ស្លាប់
ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ។»