១ ពួក​ជំទាវ​នៅ​ក្រុង​សាម៉ារី​ដែល​ប្រៀប
ដូច​ជា​គោ​ញី​នៅ​ស្រុក​បាសាន​អើយ
ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ:
អ្នក​រាល់​គ្នា​ជិះជាន់​ជន​ទុគ៌ត
សង្កត់សង្កិន​ជន​ក្រីក្រ
ហើយ​ពោល​ទៅ​ប្ដី​របស់​ខ្លួន​ថា
“ចូរ​យក​ស្រា​មក​ផឹក!”។
២ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់
ក្នុង​នាម​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ថា៖
«នៅ​គ្រា​ខាង​មុខ គេ​នឹង​ដោត​អ្នក​រាល់​គ្នា
ដូច​ដោត​ត្រី។
៣ អ្នក​រាល់​គ្នា​នឹង​រត់​ចេញ​ពី​ទីក្រុង
តាម​ប្រឡោះ​កំពែង​ក្រុង
ម្នាក់ៗ​រត់​ប្រាស​អាយុ​រៀងៗ​ខ្លួន រក​កន្លែង​ពួន»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
អ៊ីស្រាអែល​លែង​ញញើត​នឹង​ប្រព្រឹត្ត​អំពើ​បាប
៤ «ចូរ​ទៅ​បេតអែល
ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទៅ!
ចូរ​ទៅ​គីលកាល
ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​រឹត​តែ​ច្រើន​ទៅ!
ចូរ​ធ្វើ​ពិធី​យញ្ញបូជា​នៅ​ពេល​ព្រឹក!
ហើយ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់ នៅ​ថ្ងៃ​ទី​បី!
៥ កូន​ចៅ​អ៊ីស្រាអែល​អើយ
ចូរ​ធ្វើ​យញ្ញបូជា​អរ​ព្រះគុណ​ជា​មួយ​មេ​ម្សៅ
ចូរ​ស្រែក​ប្រកាស​ក្ដែងៗ​ថា
អ្នក​រាល់​គ្នា​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត
ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
៦ យើង​បាន​ធ្វើ​អោយ​កើត​ទុរ្ភិក្ស​នៅ​គ្រប់​ទីក្រុង
របស់​អ្នក​រាល់​គ្នា
ហើយ​គ្រប់ៗ​ផ្ទះ​ខ្វះ​អាហារ​បរិភោគ។
ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម
វិល​មក​រក​យើង​វិញ​ដែរ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៧ យើង​បាន​ធ្វើ​អោយ​អ្នក​រាល់​គ្នា​ខ្វះ​ទឹក​ភ្លៀង
រហូត​ដល់​បី​ខែ​មុន​រដូវ​ចំរូត។
យើង​បាន​អោយ​ភ្លៀង​ធ្លាក់​លើ​ក្រុង​មួយ
តែ​ក្រុង​មួយ​ទៀត​គ្មាន​ភ្លៀង​ទេ
ចំការ​មួយ​ទទួល​ទឹក​ភ្លៀង
រីឯ​ចំការ​មួយ​ទៀត​ត្រូវ​ស្ងួត​ហួតហែង
ព្រោះ​តែ​គ្មាន​ទឹក​ភ្លៀង។
៨ ក្រុង​ពីរ ឬ​ក្រុង​បី​នាំ​គ្នា​ទៅ​រក​ទឹក​ផឹក
នៅ​ក្រុង​មួយ​ទៀត
តែ​គេ​គ្មាន​ទឹក​ល្មម ដើម្បី​សំរន់​ការ​ស្រេក​ទេ។
ទោះ​បី​យ៉ាង​នេះ​ក្ដី
ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៩ យើង​បាន​ធ្វើ​អោយ​ស្រូវ​របស់​អ្នក​រាល់​គ្នា
ស្កក និង​មាន​ក្រា​ស៊ី
ហើយ​ចំការ​ដំណាំ ចំការ​ទំពាំងបាយជូរ
ចំការ​ឧទុម្ពរ និង​ចំការ​អូលីវ​របស់​អ្នក​រាល់​គ្នា
ក៏​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន​អស់​ដែរ។
ទោះ​បី​យ៉ាង​នេះ​ក្ដី
ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១០ យើង​បាន​ធ្វើ​អោយ​ជំងឺ​អាសន្នរោគ
រាតត្បាត​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីប។
យើង​បាន​អោយ​ខ្មាំង​ប្រហារ​យុវជន
របស់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ
ហើយ​ចាប់​សេះ​របស់​អ្នក​រាល់​គ្នា​យក​ទៅ។
យើង​បាន​ធ្វើ​អោយ​មាន​ក្លិន​អសោច
សាយ​ឡើង​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា។
ទោះ​បី​យ៉ាង​នេះ​ក្ដី
ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១១ យើង​បាន​បំផ្លាញ​អ្នក​រាល់​គ្នា
ដូច​យើង​បាន​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា
ហើយ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​អង្កត់​អុស
ដែល​គេ​យក​ចេញ​ពី​ភ្លើង។
ទោះ​បី​យ៉ាង​នេះ​ក្ដី
ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១២ ហេតុ​នេះ​អ៊ីស្រាអែល​អើយ
យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។
អ៊ីស្រាអែល​អើយ
ដោយ​យើង​សំរេច​ដាក់​ទោស​អ្នក​រាល់​គ្នា​ដូច្នេះ
ចូរ​រៀបចំ​ខ្លួន​ជួប​នឹង​ព្រះ​របស់​អ្នក!»។
១៣ មើល៍! ព្រះ​ដែល​បាន​សូន​ភ្នំ និង​បង្កើត​ខ្យល់
ព្រះ​ដែល​បង្ហាញ​អោយ​មនុស្ស​ស្គាល់
ព្រះហឫទ័យ​របស់​ព្រះអង្គ
ព្រះ​ដែល​ធ្វើ​អោយ​ពន្លឺ​ថ្ងៃ​រះ​ប្រែ​ជា​ងងឹត
ព្រះ​ដែល​យាង​នៅ​តាម​ទី​ខ្ពស់ៗ​នៃ​ផែនដី
ព្រះអង្គ​មាន​នាម​ថា​ព្រះអម្ចាស់
ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។